
សម្តេចតេជោ ហ៊ុន សែន បង្ហាញកង្វល់ពីសុខភាពភរិយា ខណៈបងប្រុសទីមួយស្ថិតក្នុងសភាពធ្ងន់ធ្ងរ
រាជធានីភ្នំពេញ÷សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៥ខែមីនាឆ្នាំ២០២៥ បានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកជាផ្លូវការដោយបង្ហើបថា ពេលនេះសម្តេចកំពុងប្រឈមមុខនឹងវិបត្តិគ្រួសារធ្ងន់ធ្ងរ ខណៈដែលភរិយាត្រូវការវះកាត់ ហើយបងប្រុសទីមួយរបស់សម្តេចក៏ស្ថិតក្នុងស្ថានភាពអាសន្ន។
សម្តេចបានលើកឡើងថា ទោះបីជា ភរិយា បានឆ្លងផុតពីដំណាក់ការវះកាត់ដោយសុវត្ថិភាពក្តី តែមិនអាចនៅកំដរភរិយាបាន ដោយសារត្រូវទៅមើលថែបងប្រុសដែលកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ។
សម្តេចតេជោបញ្ជាក់ទៀតថា រឿងធ្ងន់ជាងនេះ គឺគ្រួសារបានត្រៀមខ្លួនរួចស្រេចក្នុងការទទួលទុក្ខ ព្រោះបងប្រុសទីមួយមិនអាចឆ្លងផុតពីការលាចាកលោកក្នុងពេលដ៏ខ្លីខាងមុខនេះបានឡើយ។
លើសពីនេះ សម្តេចបានលើកឡើងពីហេតុការណ៍ចម្លែកដែលកើតឡើងនៅក្នុងរូបថតបងប្រុសមួយសន្លឹក។
ក្នុងរូបថតនោះ មានការបង្ហាញសញ្ញានៃទឹកភ្នែក ដែលហាក់បីបង្ហាញនូវការមិនអស់ចិត្តឬនៅអាឡោះអាល័យអ្វីមួយ។
ពេលនេះទោះចង់សួរគាត់ក៏សួរមិនបានដែរពីព្រោះគាត់សន្លប់មិនដឹងខ្លួនរយះពេល២៤ម៉ោងរួចមកហើយ។
មិនដឹងថាអ្នកវិទ្យាសាស្ត្របកស្រាយរបៀបណា ?និងអ្នកអបីយជំនឿបកស្រាយរបៀបណា ? ។
ក្នុងស្ថានភាពដ៏លំបាកនេះ សម្តេចតេជោ បានបង្ហាញពីសេចក្តីបារម្ភយ៉ាងខ្លាំងសម្រាប់សុខភាពភរិយា និងបងប្រុស ក្នុងអំឡុងពេលដែលសម្តេចមិនអាចនៅកំដរបានទាំងអស់ ៕
សូមជម្រាបថា÷ ខ្ញុំបាទ សុី វុទ្ធា ជ.ចាងហ្វាងការផ្សាយនៃគេហទំព័រ សារ មរកត រួមទាំងក្រុមការងារសូមលើកម្រាមដៃដប់ប្រណមបួងសួងដល់វត្ថុសក្ដិសិទ្ធិនៅលើទឺកដីសុវណ្ណភូមិ ព្រមទាំងទេវតាមួយម៉ឺនលោកធាតុ
តាមបីបាច់ថែរក្សាបងប្រុសសម្ដេចតេជោ ហ៊ុន សែន និងភរិយាសម្ដេចឲ្យបានជាសះស្បើយនាពេលដ៏ខ្លីខាងមុខនេះកុំបីឃ្លៀងឃ្លាតឡើយ៕