
សារប្រមុ ខរដ្ឋាភិបាលកម្ពុជាប្តេជ្ញាការ ពារសេរីភាពសារ ព័ត៌មាន និងសុវត្ថិភាព
ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុនម៉ាណែតបានប្តេជ្ញាចិត្តការពារសេរីភាពសារព័ត៌មានតាមរយៈការធានាសុវត្ថិភាពដល់អ្នកសារព័ត៌មានដើម្បីធ្វើឱ្យវិស័យសារព័ត៌មានកម្ពុជាកាន់តែរីកចម្រើនពោរពេញដោយគុណភាព។ការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្វើឡើងចំថ្ងៃប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣២ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥។ បើតាម សម្តេចហ៊ុនម៉ាណែតសារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍជាតិពង្រឹងចំណេះដឹងដល់ពលរដ្ឋនិងរួមចំណែកពង្រឹងលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្សនិងតម្លាភាពសង្គម។ក្នុងសារលិខិតផ្ញើជូនទៅអ្នកសារព័ត៌មានជាតិនិងអន្តរជាតិនៅក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក សម្តេចហ៊ុន ម៉ាណែតអះអាងថា លំហសេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជាមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់រួមជាមួយនឹងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មានដែលត្រូវបានរៀបចំឲ្យកាន់តែប្រសើរឡើង។ ចំពោះសម្តេចហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើកកម្ពស់បរិយាកាសប្រព័ន្ធផ្សព្វផ្សាយនិងលើកកកម្ពស់សិទិ្ធនិងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន។
បើតាមសារលិខិតដដែលសម្តេចនាយករដ្ឋមន្រ្តីទទួលស្គាល់ការចូលរួមរបស់អ្នកសារព័ត៌មានក្នុងនាមជាស្ពានផ្សព្វផ្សាយព័ត៌មានពីរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ ហើយពាំនាំព័ត៌មានពីពលរដ្ឋមកកាន់រដ្ឋាភិបាល។ ទាំងនេះសុទ្ធសឹងតែជាគុណតម្លៃព័ត៌មានដែលមិនអាចខ្វះបានពិសេសបានជួយឱ្យរដ្ឋាភិបាលក្តាប់សំណើរបស់ពលរដ្ឋបានគ្រប់ជ្រុងជ្រោយ និងដោះស្រាយបញ្ហាទាន់ពេលវេលា។សម្រាប់សម្តេចហ៊ុន ម៉ាណែត រដ្ឋាភិបាលអាណត្តិទី៧ប្តេជ្ញាចិត្តការពារសេរីភាពសារព័ត៌មាន ធានាសុវត្ថិភាពអ្នកសារព័ត៌មាននិងលើកទឹកចិត្តឱ្យមានការសន្ទនាប្រកបដោយភាពច្នៃប្រឌិតនៅគ្រប់វេទិកាទាំងអស់ដើម្បីវិស័យសារព័ត៌មានកម្ពុជាកាន់តែរីកចម្រើន។ ទិវាសេរីភាពសារព័ត៌មានពិភពលោកនៅឆ្នាំនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជារៀបចំឡើងក្រោមប្រធានបទ«ការរាយការណ៍ក្នុងពិភពលោកថ្មីដ៏ក្លាហាន៖ផលប៉ះពាល់នៃបញ្ញាសិប្បនិមិ្មតលើសេរីភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ»។ សម្តេចហ៊ុន ម៉ាណែតកត់សម្គាល់ថា បច្ចុប្បន្ន បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិតកាន់តែរីកចម្រើន និងមានភាពសម្បូរបែប ដែលធ្វើឱ្យមានការប្រែប្រួលក្នុងផ្នែកព័ត៌មាន និងការផ្សព្វផ្សាយ។ជាមួយនឹងភាពសម្បូរបែបទាំងនេះ ប្រមុខរដ្ឋាភិបាលកត់សម្គាល់ពីការប្រើប្រាស់បច្ចេកវិទ្យាដោយអសីលធម៌ និងការមិនទទួលខុសត្រូវ ពិសេសការបង្កើតដំណឹងក្លែងក្លាយ ព័ត៌មានក្លែងបន្លំក្នុងចេតនាបង្កការភាន់ច្រឡំធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សង្គម ប៉ះពាល់ដល់វប្បធម៌ សិទ្ធិឯកជន និងសេចក្តីថ្លៃថ្នូរនៃមនុស្សជាតិ។ នៅក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបប្រទះវិបត្តិជម្លោះប្រដាប់អាវុធ និងសង្រ្គាមពាណិជ្ជកម្ម សម្តេច ហ៊ុន ម៉ាណែតបានទាមទារឲ្យបន្តជំរុញកិច្ចសហប្រតិបត្តិការផ្នែកឌីជីថលនិងបញ្ញាសិប្បនិម្មិតដើម្បីផ្តល់ព័ត៌មានពិតនិងចូលរួមប្រឆាំងនឹងព័ត៌មានក្លែងក្លាយនៅក្នុងតំបន់និងនៅលើសកលលោក។មួយវិញទៀត សម្តេចហ៊ុន ម៉ាណែតនៅទទូចឱ្យអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងស្ថាប័នព័ត៌មានទាំងអស់ត្រូវតែប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ភាពត្រឹមត្រូវ និងស្តង់ដារក្រមសីលធម៌វិជ្ជាជីវៈក៏ដូចជានៅបន្តធ្វើជាស្ពានតភ្ជាប់រវាងពលរដ្ឋ និងរដ្ឋាភិបាល។គួរជម្រាបថា គិតត្រឹមដើមត្រីមាសទី២ ឆ្នាំ២០២៥ អង្គភាពសារព័ត៌មានទាំងអស់ដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងព័ត៌មាន និងកំពុងប្រតិបត្តិការមានចំនួន ១ ៦២០អង្គភាព ស្ថាប័ន។ ក្នុងនោះ ប្រព័ន្ធផ្សព្វផ្សាយលក្ខណៈប្រពៃណីដូចជា វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី រោងពុម្ព មានចំនួន ៧៤៥ អង្គភាព ស្ថាប័ន និងប្រព័ន្ធផ្សព្វផ្សាយទំនើបមានចំនួន ៨៧៥ អង្គភាព ស្ថាប័ន។ ក្រៅពីនេះ ក្រសួងព័ត៌មានក៏បានចេញបណ្ណសារព័ត៌មានជូនដល់អង្គភាព និងអ្នកសារព័ត៌មានចំនួន៨០៦២បណ្ណគិតត្រឹមបំណាច់ឆ្នាំ២០២៤កន្លងទៅ ៕