
ឯកឧត្តមអ៊ុន ចាន់ដា ដាក់ផែនការចាត់តាំងអនុវត្តសកម្មភាពរៀបចំសង្ក្រាន្តកំពង់ចាម ដេីម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ
កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំដាក់ផែនការចាត់តាំងអនុវត្តសកម្មភាព រៀបចំសង្ក្រាន្តខេត្តកំពង់ចាម ឆ្នាំរោង សប្តស័ក ព.ស.២៥៦៩ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៥ និងរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីបង្ករលក្ខណៈសប្បាយរីករាយ ជូនប្រជាពលរដ្ឋ នាពេលខាងមុខនេះ។
អភិបាលខេត្តកំពង់ចាម បានថ្លែងថា រដ្ឋបាលខេត្ត បានរៀបចំនូវកម្មវិធីសង្ក្រាន្ត ដើម្បីឆ្លងឆ្នាំចាស់ ឆ្នាំរោង សប្តស័ក ព.ស.២៥៦៩ ចាប់ពីថ្ងៃអាទិត្យ ១រោច ដល់ថ្ងៃពុធ៤រោច ខែចេត្រ ឆ្នាំម្សាញ់ ទៅតាមទីកន្លែង និងរមនីយដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីចូលរួមអបអរសាទរ និងបង្កលក្ខណៈសប្បាយរីករាយ ជូនប្រជាពលរដ្ឋ នៅទូទាំងខេត្ត និងរក្សាបាននូវអត្តសញ្ញាណជាតិ ទំនៀមទម្លាប់ដ៏ល្អផូផង់របស់ជាតិខ្មែរ ដែលពោរពេញដោយសន្តិភាព និងការអភិវឌ្ឍន៍ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់អាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តភារកិច្ចធ្វើយ៉ាងណា ដើម្បីបង្ក បរិយាកាសសប្បាយរីករាយ ជូនប្រជាពលរដ្ឋ ក្នុងការលេងល្បែងប្រជាប្រិយ និងដើរលេងឱ្យបានល្អប្រសើរបំផុត ។
ទន្ទឹមនិងនោះ ត្រូវដឹកនាំ រៀបចំតុបតែង កែលម្អ បំភ្លឺភ្លើងពណ៌ និងលើកបដាពាក្យស្លោក ទង់ជាតិ ទង់សាសនា នៅតាមផ្លូវសាធារណៈ តាមគេហដ្ឋាន និងតាមមន្ទីរ-អង្គភាព ក្រុង ស្រុក ឃុំ-សង្កាត់ គ្រឹះស្ថានសាធារណៈ វត្តអារាម និងដឹកនាំ រៀបចំ លេងល្បែងប្រជាប្រិយនៅ តាមកន្លែងកំសាន្ត តាមរមណីយដ្ឋាននានា ឬទីតាំងដែលបានរៀបចំ ជៀសវាង និងទប់ស្កាត់ឱ្យបាន នូវល្បែងណាដែលប្រាសចាកនឹង ប្រពៃណីជាតិ ដូចជាល្បែងស៊ីសង ជះទឹក លាបធ្យូង និងគ្រឿងផ្ទុះផ្សេងៗ ។ល។
ម្យ៉ាងទៀត គណៈកម្មការក្រោមឱវាទ ត្រូវណែនាំឱ្យម្ចាស់រោងចក្រ សហគ្រាស សាលារៀនឯកជននានា ឱ្យតុបតែងលម្អដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោកភ្លើងពណ៌ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយើងឱ្យបានផលផុសផងដែរ។
ដោយឡែក រដ្ឋបាលក្រុង ស្រុក ត្រូវផ្សព្វផ្សាយ និងណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ តាមវត្តអារាម ឱ្យមានការប្រុងប្រយ័ត្នបញ្ហាអគ្គិភ័យ ការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងជួយសម្រួលចរាចរណ៍គ្រប់ទីកន្លែង និងបង្កលក្ខណៈល្អប្រសើរតាមទីកន្លែងកំសាន្ត នានា ជូនប្រជាពលរដ្ឋ ភ្ញៀជាតិ-អន្តរជាតិ បានចូលរួមកំសាន្តសប្បាយផងដែរ ៕