
អភិបាលខេត្តកំពង់ចាម អះអាងថា ប្រាក់ឈ្នួលរបស់កម្មករនិយោជិតវិស័យកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង និងវិស័យផ្សេងៗ ជាមធ្យមប្រមាណជា ១៤១លានដុល្លារ ក្នុង១ឆ្នាំ
កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានអះអាងថា បើគិតប្រាក់ឈ្នួលរបស់កម្មករនិយោជិតវិស័យកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង និងវិស័យផ្សេងៗ ជាមធ្យមប្រមាណជា ១៤១លានដុល្លារ ក្នុង១ឆ្នាំ បានរួមចំណែកបង្កើនចំណូលរបស់ប្រជាជន ខេត្តកំពង់ចាមប្រចាំឆ្នាំ(GDP) ក្នុងម្នាក់ៗ ចំនួន២.៤៧៨ ដុល្លារ។ ថ្លែងបែបនេះក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ«រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់» ដែលបានធ្វើឡើង នាព្រឹកថ្ងៃទី១ ឧសភា ២០២៥ នៅក្រុមហ៊ុន ជេហ្សេតគ្លរី អេនធើប្រាយ ឯ.ក ស្រុកជេីងព្រៃ ក្រោមវត្តមានឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា បានថ្លែងថា ក្នុងខេត្តកំពង់ចាម មានរោងចក្រ សហគ្រាស គ្រឹះស្ថានសរុប ៦២៣សហគ្រាស កម្មករ និយោជិតសរុប ៤៧.០៣២នាក់ ក្នុងនោះឧស្សាហកម្មវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងមានចំនួន ២៧កន្លែង កម្មករ និយោជិតចំនួន ៣០.៥២០នាក់ ដោយកម្មករនិយោជិតវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង ម្នាក់ៗទទួលបានប្រាក់ចំណូល ជាមធ្យម ២៥៤ដុល្លារ និងវិស័យផ្សេងៗ ទទួលបានប្រាក់ចំណូល ជាមធ្យម ២៣៤ដុល្លារ ក្នុង១ខែ ។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានលេីកឡេីងផងដែរថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» នៅក្នុងឆ្នាំ២០២៥ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានបណ្តុះបណ្តាលលើជំនាញ សិស្សានុសិស្ស មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ បានចូលរួមកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សរុបចំនួន ១.០១០នាក់ ៕
១១១១