
អភិបាលខេត្តកំពង់ចាម បានស្នើឱ្យបន្តរួមគ្នាធ្វើបញ្ជីសារពើភណ្ឌគ្រប់ទីតាំងនៃ បេតិកភណ្ឌរូបី ទាំងអស់ ដើម្បីចៀសវាងការរំលោភបំពាន ទន្ទ្រានទីទួល និងទីតាំងប្រវត្តិសាស្ត្រ
កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានស្នើដល់មន្ត្រីនៃ មន្ទីរពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរួមគ្នាធ្វើបញ្ជីសារពើភណ្ឌគ្រប់ទីតាំងនៃ បេតិកភណ្ឌរូបីទាំងអស់ ដើម្បីចៀសវាងការរំលោភបំពាន ទន្ទ្រានទីទួល និងទីតាំងប្រវត្តិសាស្ត្រ។ ការថ្លែងបែបនេះក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ដែលបានធ្វើ ឡើងនាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត កំពង់ចាម ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ រួមជាមួយមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារ និងបង្ក្រាបរាល់បទល្មើស ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព នៅតាមទីតាំងតំបន់ប្រាសាទ រមណីយដ្ឋានប្រវត្តិសាស្ត្រ ទីវត្តអារាម សំណង់ប្រវត្តិសាស្ត្រ និងសំណង់ដែលមាន អាយុកាលរាប់រយឆ្នាំនៅតាមមូលដ្ឋាននានា។
ឯកឧត្តមអភិបាលខេត្ត ស្នើដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាបន្តការងារអភិរក្សបេតិកភណ្ឌ វប្បធម៌អរូបីទាំងឡាយរបស់ជាតិ ដែលបានបាត់បង់ និងត្រូវយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីយក មកបង្ហាត់បង្ហាញផ្ទេរចំណេះដឹងឱ្យយុវជនបន្តវេនជំនាន់ក្រោយ។ ពោលគឺត្រូវបន្តធ្វើការ ផ្សព្វផ្សាយនូវសក្តានុពល ទេសចរណ៍វប្បធម៌ជាតិ ដើម្បីលើកតម្លៃវប្បធម៌ជាតិ រួមចំណែកជំរុញ កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រផងដែរ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានបញ្ជាក់ថា ការប្រារព្ធទិវាវប្បធម៌ជាតិនេះ គឺជាការជំរុញ និងផ្សព្វផ្សាយ ក៏ដូចជាការក្រើនរម្លឹក បំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ ដល់ប្រជាពលរដ្ឋ ទាំងអស់ ជាពិសេសយុវជនដែលជាទំពាងស្នងឬស្សី ដើម្បីបំផុសចលនារៀបចំប្រកួតប្រជែងនានា ដោយផ្តោតលើប្រធានបទ « យុវជនដើម្បី វប្បធម៌ជាតិ » និងបង្កើតព្រឹត្តិការណ៍វប្បធម៌ផ្ទាល់ខ្លួន នានា ឬតាមរយៈបណ្តាញសង្គម ដើម្បីទាក់ទាញ ពួកគេឱ្យក្លាយជាអ្នកស្រលាញ់វប្បធម៌ ៕