
ឯកឧត្តម វង្សី វិស្សុត អញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៦,០៥៧បណ្ណ ស្មើនឹង ២,៦៩២គ្រួសារ ជូនប្រជាពលរដ្ឋ ០៤ភូមិ នៃស្រុកកំពង់ស្វាយ
(ខេត្តកំពង់ធំ): ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៦.០៥៧បណ្ណ ស្មើនឹង ២.៦៩២គ្រួសារ ជូនប្រជាពលរដ្ឋ ០៤ភូមិ រួមមាន ភូមិល្វា ភូមិត្រពាំងអារក្ស ភូមិមហរ៍ និងភូមិព្រៃទប់ ស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥។
ជាមួយគ្នានោះដែរឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានឡើងរាយការណ៍អំពីស្ថានភាពទូទៅខេត្តកំពង់ធំ និងបានបញ្ជាក់បន្ថែមទៀតថា គិតមកដល់ឆ្នាំ២០២៤នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានជំរុញការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធដែលសម្រេចវាស់វែងរួចចំនួន ៤២១.៩៦២ក្បាលដី និងចេញបណ្ណបានចំនួន ៣១១.៥១៣បណ្ណ។ ហើយលទ្ធផលដែលសម្រេចបាននេះ ជាការរួមចំណែក ការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ដែលធ្វើឱ្យទំនាស់ដីធ្លីមានការថយចុះ ។ លើសពីនេះលទ្ធផលនៃការចុះបញ្ជីដីបានពង្រឹងនូវទីផ្សារដីធ្លី ពិសេសការចូលរួមចំណែកបង្កើនចំណូល ថវិការដ្ឋតាមរយៈពន្ធប្រថាប់ត្រា និងការប្រមូលពន្ធប្រចាំឆ្នាំលើអចលនទ្រព្យផងដែរ ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម វង្សី វិស្សុត បានសំដែងការអបអរសាទរ និងកោតសរសើរចំពោះអាជ្ញាធរខេត្តកំពង់ធំ និងមន្ទីរពាក់ព័ន្ធ ជាពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងក្រុមការងារចុះបញ្ជីដីធ្លីដែល បានសម្រេចលទ្ធផលជាបន្តបន្ទាប់ ក្នុងការអនុវត្តនីតិវិធីនៃការចុះបញ្ជីដី មានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដី អ្នកកាន់កាប់ដី និងស្ថាប័នរដ្ឋ ដែលបានអនុវត្តតាមនីតិវិធីច្បាប់ ដែលជាសមិទ្ធផលមួយបានរួមចំណែកយ៉ាងធំធេងដល់ការអនុវត្ត និងការអភិវឌ្ឍគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម វង្សី វិស្សុត បានសំណូមពរដល់អាជ្ញាធរដែនដីត្រូវចូលរួមជំរុញការចុះបញ្ជីដីធ្លី ឲ្យបានឆាប់ និងគ្រប់ភូមិ/ឃុំ តាមរយៈការជូនដំណឹងដល់បងប្អូនជាម្ចាស់ដី សហការចុះកំណត់ព្រំដីផ្លូវ ត្រពាំង ប្រឡាយទឹក ឲ្យបានច្បាស់លាស់ និងជួយសម្របសម្រួលដោះស្រាយវិវាទព្រំ ឬការដណ្តើមសិទ្ធលើក្បាលដី ការសម្រួលឯកសាររណប មានដូចជាអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ លិខិតអំណោយ ការបញ្ជាក់ភាពនៅលីវ លែងលះជាដើម ជូនដល់ប្រជាពលរដ្ឋ ព្រោះការចុះបញ្ជីដីធ្លីនាំឲ្យមានការកំណត់ច្បាស់លាស់ រវាងដីរដ្ឋ និងដីឯកជន ការកំណត់ព្រំ និងសិទ្ធលើក្បាលដី ការរៀបចំដែនដី បរិយាកាសគ្មានវិវាទ ដើម្បីចូលរួមចំណែកកាត់បន្ថយទំនាស់ និងកាត់បន្ថយភាពក្រីក្រ ព្រោះបើដីមានប្លង់កម្មសិទ្ធិគឺមានការពារដោយច្បាប់ ធានាដោយរដ្ឋ ហើយប្រជាពលរដ្ឋអាចយកប្លង់ទៅប្រើប្រាស់ ទាញយកប្រយោជន៍ដើម្បីលើកស្ទួយជីវភាពគ្រួសាររបស់គាត់ និងបន្តខិតខំធ្វើយ៉ាងណាវាស់វែង ឲ្យបានចប់សព្វគ្រប់ទូទាំងខេត្តតាមផែនការរបស់ក្រសួង ក្នុងបំណាច់ឆ្នាំ២០២៥ ខាងមុខនេះ ។អត្ថបទដោយរដ្ឋបាលខេត្តកំពង់ធំ