
អភិបាលខេត្តកំពង់ចាម បានផ្តាំផ្ញេីដល់ក្មួយៗយុវជន និងសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រក្រេបយកចំណេះដឹង ដេីម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ
កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានផ្តាំផ្ញេីដល់ក្មួយៗយុវជន និងសិស្សានុសិស្សទាំងអស់ ត្រូវបន្តពង្រឹងស្មារតីឆន្ទៈ ខិតខំរៀនសូត្រក្រេបយកចំណេះដឹង ហាត់ពត់លត់ដំខ្លួនទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ដេីម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ សង្គមជាតិឱ្យរីកចំរើន ការថ្លែងបែបនេះក្នុងឱកាសរំឮកខួបអនុស្សាវរីយ៍លើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្តាំផ្ញេី ឱ្យក្មួយៗត្រង់ត្រងត្រាប់ស្តាប់ដំបូន្មាន និងរួមចំណែកក្នុងការបង្កើនសេដ្ឋកិច្ចគ្រួសារ ជួយសន្សំសំចៃ កាត់បន្ថយការចំណាយផ្សេងៗ ដែលជាកត្តាមួយជួយដល់ការស្តារ និងអភិវឌ្ឍសង្គមជាតិ។ ម្យ៉ាងវិញទៀតត្រូវធ្វើជាគំរូល្អ និងមានសីលធម៌រស់នៅល្អ ព្រោះសង្គមគ្រួសារ ឬសង្គមជាតិណា ក៏ត្រូវការកុមារ និងយុវជនល្អ ដើម្បីជួយទ្រទ្រង់ប្រទេស ដូច សុភាសិតពោលថា «កុមារជាទំពាំងស្នងឫស្សី កុលបុត្រប្រុសស្រីស្នង ត្រកូល»។
ឯកឧត្ដមអភិបាលខេត្ត បានផ្តាំផ្ញេីដល់ក្មួយៗយុវជន និងសិស្សានុសិស្សទាំងអស់ ត្រូវជៀសឱ្យផុតពីបញ្ហាគ្រឿងញៀន ដោយកុំចង់ភ្លក់ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដោយពាក់មួកសុវត្ថិភាព និងកុំបើកបរលឿន ក្រៅពីនោះមិនត្រូវគេចវេះម៉ោងសិក្សា ទៅប្រមូលផ្តុំប្រព្រឹត្តអំពើមិនគប្បីដែលសង្គមស្អប់ខ្ពើម បង្ករការបង្កើតបក្សពួក បងតូច បងធំ ដែលនឹងត្រូវបំផ្លាញអនាគត របស់ក្មួយៗនោះឡេីយ។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏ណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡា គណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តចូលរួមលុបបំបាត់ទណ្ឌកម្មលើកុមារគ្រប់រូបភាព ដោយត្រូវធ្វើយ៉ាង ណាឱ្យកុមារៗទទួលស្គាល់ថា សាលារៀនជាទីកន្លែងផ្តល់នូវចំណេះដឹងជំនាញ សីលធម៌ និងការសិក្សាដោយគ្មានការភ័យខ្លាច និងគ្មានអំពើហឹង្សាផងដែរ ៕